Header Ads

មិនអត់ប្រយោជន៍ទេ អាចដឹងពីរឿងជាច្រើន ដែលអ្នកមិនធ្លាប់ដឹងពីគេ!

ជាការពិតណាស់ រាល់គូស្នេហ៍ទាំងឡាយ មុននឹងសម្រេចចិត្តរៀបការ ពួកគេតែងតែទទួលបាននូវបទពិសោធន៍ជាច្រើន មិនថារឿងល្អ និងជួបបញ្ហាផ្សេងៗ ជាពិសេសនោះគឺ ការមើលចិត្តគ្នា ទៅវិញទៅមក តាមរយៈកាយវិការ ការនិយាយស្តីនិងការមើលថែគ្នា។ ការសម្រេចចិត្តរៀបការ ត្រូវមើលលើចិត្ត មិនមែនស្រលាញ់ភ្លាម រៀបការភ្លាមនោះទេ ព្រោះយើងមិនអាចគិតដល់ថ្ងៃមុខថាវានឹងអាចមានបញ្ហាកើតឡើង ឫក៏យ៉ាងណានោះទេ ដោយសារតែសេចក្តីស្រលាញ់មួយឆាវ និងគំនិតក្មេងខ្ចីនេះ នៅពេលដែលមានបញ្ហា យើងមិនអាចបន្ទោសអ្នកណាទេ ព្រោះផ្លូវនេះយើង ដើរខ្លួនឯង។
រូបតំណាង
មិនត្រឹមតែប៉ុណ្ណោះ មុននឹងអ្នករៀបការត្រូវសួរខ្លួនឯងសិន ថាតើអ្នកបានត្រៀមខ្លួនហើយឬនៅ ត្រៀមខ្លួនទទួលខុសត្រូវចំពោះបច្ចុប្បន្នកាល និងអនាគតកាល ហើយឬនៅ ត្រៀមខ្លួនធ្វើជាឪពុក ម្តាយហើយឬនៅ ត្រៀមខ្លួនជម្នះរាល់ឧបសគ្គហើយឬនៅ ចេះមើលថែគ្នានិងយល់ពីគ្នាហើយឬនៅ។ យ៉ាងណាមិញ ទម្រាំតែដល់ពេលវេលាដឹកដៃគ្នាចូលរោងការនោះ គូស្នេហ៍មួយចំនួនត្រូវជួប និងបានស្គាល់ដំណាក់កាល ដូចជាការស្គាល់គ្នា ការប្រើប្រាស់ពេលវេលាក្នុងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក និងការយល់ដឹងពីសេចក្តីត្រូវការរបស់គ្រួសារទាំងសងខាងផងដែរ។ ដូច្នោះហើយទើបគូស្នេហ៍មួយចំនួន គិតថា ការដែលមានការដើរលេងបានច្រើនជាមួយគ្នា មុននឹងរៀបការអាចឲ្យពួកគេទទួលបានបទពិសោធន៍នៃជីវិត ជាពិសេសអាចស្ទង់ចរិតលក្ខណៈរបស់គូស្នេហ៍របស់អ្នកបានយ៉ាងងាយ និងជាពិសេស  ការដើរលេង ក៏គុណសម្បត្តិ យ៉ាងច្រើនដូចជា៖ ១) យល់ពីគ្នាកាន់តែច្បាស់ ជាការពិតណាស់អត្តចរិតរបស់មនុស្សម្នាក់ៗ មិនអាចមើលបានត្រឹមតែសម្បកក្រៅ និងមើលតែមួយភ្នែកទើបដឹងនោះទេ ជីវិតគូនីមួយៗមុននឹងរៀបការក៏ពួកគេបានមើលចិត្តគ្នាទៅវិញទៅមក និងយូរឆ្នាំ ដើម្បីដឹងច្បាស់ពីចំណង់ចំណូលចិត្ត ចរិតរបស់គេកាច ឫក៏ស្លូត។ យ៉ាងណាមិញ ការដែលមានដំណើរកម្សាន្ត ជាមួយនឹងគូស្នេហ៍របស់អ្នក ក៏ជាកត្តាមួយដែលធ្វើឲ្យយើងដឹងថា ខាងប្រុស និងស្រីអាចមើលថែយើងបានទេ នៅពេលដែលនៅកន្លែងឆ្ងាយបែបនេះ លើសពីនេះក៏យើងអាចដឹងថាភាពរឹងមាំរបស់គេមានអាចទប់ទល់បានដល់កម្រិតណា បើគេហាក់ដូចជាមិនខ្វល់ខ្វាយ និងយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់យើង គេធ្វើព្រងើយនោះ ក៏ប្រហែលជាថ្ងៃអនាគតទៅក៏គេមិនសូវមើលថែយើងដូច្នោះដែរ។
រូបតំណាង
២) ធ្វើឲ្យជីវិតគូរបស់យើងមានភាពរឹងមាំជាងមុន ជាការពិតណាស់ នៅពេលដែលដើរលេងតែពីរនាក់តាមខេត្ត ឫក៏ប្រទេសឆ្ងាយៗ ពេលខ្លះក៏មានឧបសគ្គ មិនថាតិច ឫច្រើន តែវាក៏អាចឲ្យយើងទទួលបានបទពិសោធន៍ខ្ពស់នៅថ្ងៃអនាគត និងកាន់តែមានភាពក្លាហានជាងមុន លើសពីនេះទៅទៀត នៅពេលនោះហើយអាចធ្វើឲ្យយើងដឹងថាតើគូស្នេហ៍របស់យើងមានភាពរឹងមាំនៅក្នុងការងារទាំងនោះឫទេ មានភាពរឹងមាំ ប្រៀបដូចជាមេគ្រួសារដែលគ្រប់គ្រងប្រពន្ធកូន ដែរឫក៏យ៉ាងណា ។ ស្របពេលជាមួយគ្នានេះដែរ យើងក៏អាចដឹងនូវការគ្រប់គ្រង និងភាពម្ចាស់ការលើខ្លួនឯងថា យើងអាចរឹងមាំធ្វើរឿងដែលពិបាកៗ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចឲ្យយើងសុំានឹងភាពដដែលនូវបញ្ហាដែលយើងបានជួបកន្លងមក និងអាចដោះស្រាយ មិនត្រឹមតែប៉ុណ្ណោះ រាល់បញ្ហាទាំងនោះវានឹងធ្វើឲ្យយើងក្លាយជាមនុស្សរឹងមាំនៅថ្ងៃអនាគត។ ៣)ការមើលថែគ្នា ពេលកើតជំងឺផ្សេងៗ យ៉ាងណាមិញ នៅពេលដែលមានដំណើរកម្សាន្តដូច្នោះ មិនថានរណានោះទេតែងជួបបញ្ហា ដូចជាមានជំងឺឈឺស្កាត់នៅក្នុងអំឡុងដើរលេងដែលអ្នកមិនអាចដឹងមុន។ ដូច្នោះហើយ ពេលដែលយើងជួបបញ្ហាបែបនេះ គូស្នេហ៍ទាំងឡាយ នឹងចេះរៀនពីការមើលថែគ្នាទៅវិញទៅមក តាមរយៈការព្រួយបារម្ហជាដើម។ ជាការពិត យើងក៏អាចដឹងចិត្តមនុស្សម្នាក់ នៅពេលដែលយើងជួបបញ្ហាបែបនេះ ព្រោះយើងនឹងអាចដឹងថា គេមានចិត្តស្រលាញ់យើងស្មោះដែលឫអត់ទេ ព្រោះថាមនុស្សដែលស្រលាញ់គ្នា និងចង់បានយើងជាគូនោះ គឺគេពិតជាមិនចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ឈឺបែបនេះនោះទេ។
រូបតំណាង
៤) ដឹងពីការដោះស្រាយបញ្ហានានា បញ្ហាតែងកើតមានជាច្រើន ហើយបញ្ហាទាំងអស់នោះក៏មានវិធីដោះស្រាយបានដែរ តែក៏វាអាស្រ័យទៅលើចិត្ត ការពិចារណាពីមនុស្សម្នាក់ និងមនុស្សចាប់ពី២នាក់ឡើងទៅដើម្បីបាននូវគំនិតច្រើនរួមបញ្ចូលគ្នា ដើម្បីធ្វើការបកស្រាយភាពលំបាកដែលកើតមកភ្លាមៗ នៅពេលដើរកម្សាន្តនោះ។ ជាការពិតណាស់ មនុស្សម្នាក់តែងតែមានការគិត និងការដោះស្រាយបញ្ហាខុសគ្នា តែបើប៉ះចំមនុស្សដែលយើងចង់នឹងរៀបការរួមរស់ជាមួយអស់មួយជីវិត ដែលគេមិនឲ្យយោបល់គ្នា និងមិនជួយគ្នានោះ ធ្វើព្រងើយយកតែរួចខ្លួននោះ យើងមិនគួរសេពគប់មនុស្សប្រភេទនេះនោះទេ ព្រោះថ្ងៃអនាគតប្រហែលជាគេនៅតែធ្វើបែបនេះដដែល។ ដោយឡែក ការចេះគិត មុននឹងធ្វើអ្វីមួយ វាប្រៀបបានដូចជាពេលរៀបការរួចយើងចេះទុកដាក់ និងចេះគិតពីបញ្ហានៅចំពោះមុខ បានយ៉ាងងាយជាងមុន។
រូបតំណាង
៥) ចេះរៀបទុកដាក់ ការរៀបចំទុកដាក់ នៅក្នុងការធ្វើដំណើរកម្សាន្តនីមួយៗ គឺគូស្នេហ៍មួយចំនួនសឹងតែគិត និងរៀបចំគម្រោងទុកមុន ថាគួរតែទៅទីណាទើបសប្បាយ និងមានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងបរិយាកាសល្អៗ ជួបមនុស្សជាច្រើននៅក្នុងសង្គម។ ជាការពិតណាស់ ពេលមានដំណើរកម្សាន្តមិនថាក្នុងស្រុក និងក្រៅស្រុក គឺយើងច្បាស់ជាចំណាយថវិកាច្រើនហើយ មិនថាកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុកជាដើម មិនត្រឹមតែប៉ុណ្ណោះ របស់ញុំាពិតជាថ្លៃជាងធម្មតាទៅទៀត។ដូច្នោះហើយលុយកាក់ នៅពេលដើរលេងបែបនេះពិតជាមានបញ្ហាសម្រាប់ពួកគេហើយ លើសពីនេះពេលវេលាក៏សំខាន់ ចំពោះយើងដែលក្នុងការរៀបចំវា។ ដើម្បីកុំឲ្យមានផលវិបាក មុននឹងមានដំណើរកម្សាន្តរួមគ្នាបែបនេះ គូស្នេហ៍មួយចំនួនគួរតែប្រើពេលវេលាគិតឲ្យបានច្រើនជាងនេះ ទៅលើថវិកា គឺយើងគួរតែនាំគ្នាសន្សំប្រាក់ឲ្យបានច្រើន ឫក៏លើសអ្វីដែលយើងគិតថាវាសមល្មម។មួយវិញទៀត យើងគួរតែគិតពេលវេលាច្បាស់លាស់ ថាទៅប៉ុន្មានថ្ងៃទៅកន្លែងណាខ្លះ ព្រោះថាការដែលចេះ និងរៀនគិតគូរពីបញ្ហាទាំងនេះក៏អាចឲ្យយើងចេះគិតពីរបស់ទាំងនេះមុនពេលរៀបការដែរ។
រូបតំណាង
៦ )ទទួលបានអនុស្សាវរីយ៍ជាមួយគ្នាបានច្រើន នៅពេលដែលយើងបានដើរលេងមានដំណើរកម្សាន្តនានា យើងតែងបង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ជាច្រើន ដូចជាការថតរូបដែលស្តែងពីទិដ្ឋភាពជាក់ស្តែងភាពរីករាយ។ ជាមួយគ្នានេះដែរ គូស្នេហ៍មួយចំនួននៅពេលដែលបានរៀបការជាមួយគ្នា ក៏អាចបើកមើលនូវភាព ដែលជាពេលវេលាមានការតស៊ូ ហើយវាក៏ជាបទពិសោធន៍នៃជីវិតស្នេហា ខណៈពេលយើងនៅក្មេងៗ។ ក៏ប៉ុន្តែ បើយើងនៅក្មេងក្រោមអាយុ២២ឆ្នាំនោះ យើងមិនគួរមានដំណើរកម្សាន្តបែបនេះនោះទេ គឺអាចឲ្យយើងជួបបញ្ហាផ្សេងៗដោយមិនដឹងខ្លួន។ ៧) ចេះធ្វើការងារ ជាមួយគ្នា ជាការពិតណាស់ ការដែលចេះជួយគ្នា ទៅលើការងារអ្វីមួយធ្វើឲ្យការងារទាំងនោះកាន់តែមានភាពល្អប្រសើរជាងមុន និងអាចជួយសម្រាលដោះស្រាយកិច្ចការដែលត្រូវធ្វើនោះបានកាន់តែឆាប់រហ័សជាមុន។ មិនត្រឹមតែហេតុផលទាំងនេះនោះទេ គឺវាក៏អាចឲ្យគូស្នេហ៍មួយចំនួនកាន់តែមានភាពស៊ីចង្វាក់គ្នានៅពេលធ្វើការងារអ្វីៗ ដែលកំពុងតែកើតឡើងចំពោះមុខ ដូចជាការទៅដើរលេងនៅតាមប្រទេសឆ្ងាយៗ ឫក៏ខេត្តនានាយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏អាចដឹងពីស្ថានភាពរបស់មនុស្សដែលយើងចង់នឹងរៀបការជាមួយ ថាគេទុកឲ្យយើងធ្វើតែឯង ឫក៏ចេះជួយ តែបើគេចេះជួយនោះវាពិតជាល្អប្រសើរណាស់ហើយ។
រូបតំណាង
៨) ចេះអត់អោនឲ្យគ្នា នៅក្នុងជីវិតគូ តែងតែមានភាពទាស់ទែងគ្នាជានិច្ច ពេលខ្លះម្នាក់ចង់ទៅខាងនេះ ម្នាក់ទៀតនៅខាងនោះតែសំខាន់នោះគឺនៅពេលដែលជួបបញ្ហាយើងត្រូវតែចេះអត់អោនគ្នាទៅវិញទៅមក ដើម្បីឲ្យរឿងទាំងនោះកាន់តែធូរស្រាលជាងមុន តែយើងក៏ត្រូវតែកាន់បន្ថយនូវការខឹងរបស់យើងផងដែរ។ បើតាមរយៈការដើរលេងកម្សាន្តយល់ចិត្ត ស្គាល់ចិត្តគ្នាតែពីរនាក់បែបនេះ ពេលខ្លះក៏មានទំនាស់ពាក្យសម្តី និយាយមើលមុខគ្នាមិនចំ មិនស្ទើរដែរ ក៏ប៉ុន្តែបើមិនចង់ជួបបញ្ហា​ដូច្នោះ គូស្នេហ៍ទាំងអស់គូរតែរៀនកាត់បន្ថយ ការខឹង មកនិយាយដោះស្រាយគ្នាតាមធម្មតាដើម្បីឲ្យដំណើរកម្សាន្តរបស់យើង ដិតជាប់នូវអនុស្សាវរីយ៍មិនល្អជាមួយគ្នា ។
រូបតំណាង
៩) ដឹងច្បាស់ពីចំនុចខ្លាំង និងចំនុចខ្សោយ មនុស្សមា្នក់ៗតែងមានចំនុចខ្លាំង និងខ្សោយរៀងៗខ្លួន នៅពេលដែលយើងនៅជាមួយគូស្នេហ៍ក្នុងឱកាសដើរលេងបែបនេះ យើងក៏អាចដឹងពីចំនុចមួយចំនួនរបស់គេបានដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏អាចដឹងមុនពីគូស្នេហ៍ប្រុសស្រីរបស់យើង ដែលវាក៏អាចមានងាយស្រួលនៅពេលនៅជាមួយគ្នានៅពេលអនាគត ដូច្នោះហើយការមានដំណើរកម្សាន្តបែបនេះ គឺអាចធ្វើឲ្យយើងអាចដឹងពីអ្វីដែលគេខ្លាច និងចូលចិត្តធ្វើផងដែរ។ នៅក្នុងនោះ យើងអាចដឹងថាគេខ្លាចសត្វអ្វី ងាយនឹងប្រតិកម្មនឹងអ្វី ព្រោះបរិយាកាសខាងក្រៅគឺខុសប្លែកពីគ្នានឹងកន្លែងដែលយើងនៅបច្ចុប្បន្ន លើសពីនេះយើងក៏ដឹងពីចំណូលចិត្តរបស់គេ ថាគេចូលចិត្តធ្វើអ្វីជាងគេនៅពេលទៅកន្លែងមួយនោះ។
រូបតំណាង
១០) ទទួលបានបទពិសោធន៍ឲ្យបានច្រើនមុនរៀបការ ការដែលដើរលេងឲ្យបានច្រើនកន្លែង វាក៏អាចក្លាយទៅជាបទពិសោធន៍មួយសម្រាប់ខ្លួនឯង និងគូស្នេហ៍ផងដែរ នៅក្នុងនោះមិនថាជារឿងអាក្រក់ និងភាពសប្បាយរីករាយនោះទេ វាក្លាយទៅជាអារម្មណ៍ដក់ជាប់ប្រាណយើង រហូតពេលយើងចាស់រៀងខ្លួន។ លើសពីនេះយើងក៏បានទទួលនូវអ្វីដែលថ្មីៗប្លែកៗ ដែលបានចូលមកក្នុងជីវិត ហើយក៏ ដើម្បីបង្កើតអនុស្សាវរីយ៍របស់យើងសម្រាប់ថ្ងៃអនាគតដែរ ងាយស្រួលនៅពេលដែលរៀបការជាមួយគ្នា យើងអាចលើកយកបទពិសោធន៍ល្អ អាក្រក់សម្រាប់ជាមេរៀនសម្រាប់ គ្រួសារ និងខ្លួនឯងផងដែរ។ ប៉ុន្មានចំនុចខាងលើនេះ គឺគ្រាន់តែចង់ឆ្លុះបញ្ចាំង ពីជីវិតគូស្នេហ៍ដែលត្រៀមរៀបការឆាប់ៗប៉ុណ្ណោះ ដើម្បីទទួលបានការយល់ដឹងឲ្យបានច្រើន និងបទពិសោធន៍ សប្បាយរីករាយនិងកើតទុក្ខ មុនពេលរៀបការជាមួយមនុស្សដែលយើងស្រលាញ់។ ក៏ប៉ុន្តែអ្នកនៅក្មេងដែលនៅសិក្សា មិនត្រូវមានការដើរលេងតែពីរនាក់បែបនេះនោះទេ គឺជាអាចកើតជាបញ្ហាសម្រាប់គ្រួសារនៅពេលអនាគត តែក៏អាចទុកអនុវត្តន៍នៅពេលអនាគតបាន។ ដូច្នោះអ្នកដែលចង់មានជីវិតគូ ដែលស្រស់បំព្រងពេលរៀបការតែងមានការចុះសម្រុងគ្នា គួរឲ្យយល់ពីគ្នា តាមរយៈមានដំណើរកម្សាន្តបែបនេះ ដូចដែលបានរៀបរាប់ទាំង១០ចំនុចខាងលើ៕

សូមផ្ដល់មតិក្នុងប្រអប់ខាងក្រោម សូមអរគុណ!