បានលុយហើយបានបង្ហាញស្នាដៃទៀត! តោះចាំអង្កាល់ដាក់ពាក្យ

នេះជាឆ្នាំទី៣នៃវេទិកាជួយដល់យុវជន សិស្ស និស្សិត និងអ្នកច្នៃប្រឌិតរបស់កម្ពុជាអាចមានឳកាសអាចបញ្ចេញស្នាដៃនៃគំនិតច្នៃប្រឌិតខ្លួនទៅកាន់សង្គមខាងក្រៅដើម្បីទទួលស្គាល់។ “ជំនាន់នៃភាពច្នៃប្រឌិត ឬ Creative Generation” ជាវេទិកាមួយជួយលើកកម្ពស់ផ្នែកច្នៃប្រឌិត និងផ្តល់ឳកាសដល់អ្នកមានគំនិតច្នៃប្រឌិតទាំងអស់ដាក់ពាក្យសុំថវិកាដើម្បីយកទៅបង្កើតស្នាដៃក្នុងក្តីស្រមៃរបស់ខ្លួនដើម្បីដាក់តាំងបង្ហាញជាសាធារណៈ។

វេទិកា “ជំនាន់នៃភាពច្នៃប្រឌិត ឬ Creative Generation” បានផ្តល់អ្វីខ្លះសម្រាប់បេក្ខជនដែលជាប់?

សិល្បករ និងជាបេក្ខជនជាប់កាលពីឆ្នាំ២០១៨ លោក ខៀវ កាណែល បានលើកឡើងថា វេទិកា “ជំនាន់នៃភាពច្នៃប្រឌិត ឬ Creative Generation” គឺជាវេទិកាមួយផ្តល់ឳកាសដើម្បីបង្ហាញនូវស្នាដៃរបស់ខ្លួនទៅកាន់មនុស្សដទៃ មានឳកាសបង្កើតទំនាក់ទំនងច្រើនជាមួយបណ្តុំអ្នកមានគំនិតច្នៃប្រឌិតផ្សេងៗ និងមានបទពិសោធន៍ ហើយអ្វីដែលកាន់តែពិសេសនោះគឺជាវេទិកាមួយដែលផ្តល់ការលើកទឹកចិត្តមួយដល់យុវជន សិស្ស និស្សិត និងសិល្បករអាចបង្ហាញនូវស្នាដៃរបស់ខ្លួន និងមានគំនិតបន្តការបង្កើតនូវស្នាដៃអ្វីដែលថ្មីបន្តទៀត។