ម៉ាឡេស៊ី បង្កើនមហិច្ឆិតាចង់បានភ្ញៀវទេសចរ ៣០លាននាក់ នៅឆ្នាំ២០២០

ប្រទេសម៉ាឡេស៊ី បានដាក់គោលដៅ ដើម្បីស្រូបយកភ្ញៀវទេសចរឲ្យបាន ៣០លាននាក់ ហើយរំពឹងថា នឹងទទួលបានចំណូលប្រមាណជា ២៣ពាន់លានដុល្លារ នៅឆ្នាំ ២០២០។ នេះបើតាមការបញ្ជាក់ពី ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃរសៀល ទី១០ តុលា ឆ្នាំ ២០១៩។


ពាណិជ្ជកម្ម

ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានប្រាប់ Sabay ថា ម៉ាឡេស៊ីមើលឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយបានផ្ដល់សេដ្ឋកិច្ចដល់ប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី។ «ការជួបជុំអ្នកសារព័ត៌មាននៅពេលនេះមានសារៈសំខាន់នៅក្នុងការជួយជំរុញផ្សព្វផ្សាយវិស័យទេសចរម៉ាឡេស៊ី ហើយខាងម៉ាឡេស៊ី នឹងបង្កើតកម្មវិធីនាំ អ្នកសារព័ត៌មាន សិល្បករ-សិល្បការិនី ទៅកាន់ម៉ាឡេស៊ីបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ វប្បធម៌ និងម្ហូបអាហាររបស់ម៉ាឡេស៊ី»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ម៉ាឡេស៊ី ក៏បានបញ្ជាក់ដែរថា គោលដៅនៃឆ្នាំទស្សនាម៉េឡេស៊ី ២០២០ គឺដើម្បីបង្រួបបង្រួមអ្នកចូលរួមពីគ្រប់ឧស្សាហកម្មសហគ្រាសដើម្បីសម្រេចបាននូវគោលដៅរួមនេះ ស្របពេលដែលការទាក់ទាញភ្ញៀវទេសចរ មកពីពាសពេញពិភពលោក ឲ្យមកទទួលនូវបដិសណ្ឋារកិច្ចកក់ក្ដៅ និងទាក់ទាញជាច្រើន ដែលប្រទេសម៉ាឡេស៊ីមាន។

ការបង្កើនយុទ្ធសាស្រ្ត និងគោលដៅច្បាស់លាស់ នៃការទាក់ទាញទេសចរ គឺប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ ២១ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យទេសចរណ៍ដោយនាំមកនូវចំណូលទេសចរ ៨៨,១ពាន់លានរីងហ្គីត (៣០.៩១ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៨។

យោងតាមរបាយការណ៍ទេសចរណ៍ម៉ាឡេស៊ី បានឲ្យដឹងថា ចន្លោះខែមករាដល់ខែមិថុនា ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរសរុបបានកើនឡើង ៤,៩% ជាមួយនឹងចំនួនភ្ញៀវទេសចរ ១៣,៣៥ លាននាក់បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមានចំនួន ភ្ញៀវទេសចរ ១២,៧៣ លាននាក់។